ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះតារាបង្ហាញម៉ូតមួយរូបរបស់ប្រទេសកម្ពុជាយើង គឺកញ្ញា ភីយ៉ា វ៉េកា នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តារាឆ្នើមនៅប្រទេសថៃ ដែលមានឈ្មោះថា «Thailand Digital Awards 2020» ។
តារាបង្ហាញម៉ូត ក្នុងនោះមានតារាស្រីពីរដួងប្រចាំប្រទេសកម្ពុជាយើងគឺកញ្ញា ភីយ៉ា វ៉េកា និងតារាសម្តែងមួយរូបទៀតត្រូវបានជ្រើសរើសជាភ្ញៀវកិត្តិយស និងលើកពានជាតារាឆ្នើមប្រចាំ2020ជាមួយនឹងតារាឆ្នើមនៃព្រះរាជាណាចក្រថៃឡង់ផងដែរ ។ តារាបង្ហាញម៉ូតរាងតូចស្រឡូនសម្តីផ្អែមរូបនេះបានឲ្យដឹងថា កញ្ញាពិតជាមានមោទនភាពក្នុងនាមជាកូនខ្មែរ តារាបង្ហាញម៉ូតខ្មែរ ដែលបានក្លាយជាតារាស្រីឆ្នើមអាចលើកពានជាមួយតារាល្បីៗប្រចាំប្រទេសថៃ ។
កញ្ញា ភីយ៉ា វ៉េកា បន្ថែមថា៖ «កម្ពុជាមិនអន់ទេ តារាខ្មែរយើងអាចធ្វើវាបាន» ។ នាងបន្តទៀតថា នាងបានប្រឡូកចូលសិល្បៈនៅក្នុងកម្មវិធីប្រកួត «Boy bands Girl Bands» របស់ទូរទស្សន៍ ស៊ីធីអិន កាលពីឆ្នាំ2004 ហើយកញ្ញាបានបន្តប្រឡូកនៅក្នុងការសម្តែងខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងវិស័យតារាបង្ហាញម៉ូតជាបន្តបន្ទាប់ជាច្រើន ៕