រតនគិរី៖ ភ្លៀងធ្លាក់បន្តបន្ទាប់ ចាប់ពីម៉ោង ១២អាធ្រាត្រ ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បណ្ដាលឱ្យជន់លិចនៅតាមបណ្ដាឃុំ-សង្កាត់មួយចំនួន រួមមាន ឃុំ បាតាង ឃុំល្បាំង១ ឃុំល្បាំង២ ស្រុកលំផាត់ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានភូមិសាស្ត្រនៅតាមទំនាបដងអូរ ។
របាយការណ៍បឋមពីអាជ្ញាធរស្រុក បានឱ្យដឹងថា ជំនន់ទឹកភ្លៀង បានជន់លិចប៉ះពាល់ពលរដ្ឋជាក់ស្តែងចំនួន ២៩៦គ្រួសារ លិចផ្ទៃដីស្រែចម្ការ ផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របី បាក់បង្គោលភ្លើង និងលិចកាត់ផ្លូវជាតិលេខ៧៦ ពីបានលុងទៅ ស្រុកលំផាត់ ចំនួន ០២កន្លែង ក្នុងនោះអាជ្ញាធរ បានចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋ ០៣នាក់ ដែលជាប់នៅដំបូលផ្ទះ ដោយទឹកលិចផ្ទះ មិនអាចឆ្លងរកទីទួលសុវត្ថិភាពបាន ។
លោកអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះពលរដ្ឋគ្រប់រូបភាព។ នាឱកាសនេះដែរ លោកអភិបាលខេត្ត បានណែនាំដល់ពលរដ្ឋត្រូវស្វែងរកទីទួលសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលមេឃ នៅតែបន្តធ្លាក់ភ្លៀងរលឹម ហើយស្ថានភាពជំនន់ គឺឡើងលឿន ស្រកចុះវិញ ក៏លឿន ៕
ប្រភព៖ MYTV Plus