​កូនខ្មែរ​ខ្លះ​មិនធ្លាប់​ស្គាល់!! ប្រាសាទ​មួយ​របស់​កម្ពុជា​ ​នៅ​ចំកណ្ដាល​ផ្ទៃ​ជលសា​ដ៏​អច្ឆរិយ​បំផុត​

ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប ។ តាមឯកសារលោក ជីវ តាក្វាន់ ឱ្យដឹងថា ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១ នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទិ២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី ១១ ។

ប្រាសាទនេះមានលកខណៈប្លែក ពិសេសសំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ ។ កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំកណ្តាល និង ពីរទៀតនៅចុងសងខាងនៃថែវ ។

នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំណង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច ។ យោងតាមការបកស្រាយរបស់លោក ជីវ តាក្វាន់បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើពស់អនន្តៈ បណ្តែតខ្លួនលើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ ។

បន្ទាប់មកមានឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេញចេញរូបព្រះព្រហ្ម ទ្រង់កំពុងគង់ធ្វើសមាធិ ដែលបង្ហាញពីការកកើតភពថ្មី ។ នៅក្នុងឆ្នាំ ១៩៣៨ នៅក្នុងបរិវេណប្រាសាទនេះត្រូវបានគេធ្វើកំណាយរកឃើញនូវរូបព្រះវិស្ណុផ្ទុំធំមួយ ធ្វើអំពីសំរិទ្ធិមួយកំណាត់ខ្លួន (ចាប់ពីដើមទ្រូងឡើងដល់ព្រះកេស) ៕

ដកស្រង់ដោយ៖ Cambofox
ប្រភពពី៖ cambodiawikinews