ប្រយ័ត្នប្រយែងទាំងអស់គ្នា! ថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានស្ដីពីវិធានការណ៍ការពារ ជម្ងឺរលាកសួតដ៏ចម្លែក មិនស្គាល់អត្តសញ្ញាណថ្មីមួយដល់សាធារណៈជនទាំងអស់

ថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានស្ដីពីវិធានការណ៍ការពារ ជម្ងឺរលាកសួតដ៏ចម្លែក មិនស្គាល់អត្តសញ្ញាណថ្មីមួយដល់សាធារណៈជនទាំងអស់ ពិសេសអ្នកដែលមានគម្រោងទៅ ឬត្រឡប់មកពីក្រុងវូហាន​ ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន។

ដើម្បីបង្ការទុកជាមុននៃការកើតឡើងនៃជម្ងឺចម្លែកនេះសូមបងប្អូនអនុវត្តនូវវិធានការណ៍សាមញ្ញៗទាំង ៦ ៖ ១. ចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានជម្ងឺផ្លូវដង្ហើម។ ២. លាងដៃជាមួយសាប៊ូនិងទឹកស្អាតឲ្យបានញឹកញាប់ ពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺឬបរិស្ថានជុំវិញគាត់។ ៣. ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារគ្រឿងសមុទ្រខេត្តហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុស។ ចាំបាច់ត្រូវលាងដៃរាល់ពេលដើម្បីកុំឲ្យឆ្លងមេរោគ។

៤. អនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារដោយពិសារអាហារដែលចម្អិនឆ្អិនល្អ។ ៥. អ្នកមានរោគសញ្ញាជម្ងឺផ្លូវដង្ហើម ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។ ៦. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់ និងច្រមុះនៅពេលក្អកឬកណ្ដាស់ លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដង្ហើម និងរក្សាចម្ងាយច្រើនជាង 1 ម៉ែត្រជាមួយបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើម។

បើសិនជាអ្នកមានបញ្ហាផ្លូវដង្ហើម ឬមានអារម្មណ៍មិនស្រួលខ្លួនសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីចៀសវាងបញ្ហាសុខភាពធ្ងន់ធ្ងរ។ កុំភ្លេច Share ម្នាក់មួយដើម្បីឲ្យបានដឹងទាំងអស់គ្នាផងណា៎! ៕