បន្ទាយមានជ័យ៖ លោកនាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ បានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ោង១០ និង១០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅម្តុំស្ពានទី៤ ក្រៅទីប្រជុំជន ស្ថិតក្នុងភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ។
ស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត ម៉ាក តូយូតា កាម៉ារីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2X-3613 បើកបរក្នុងទិសដៅពីទិសខាងកើតទៅខាងលិចបុកប៉ះរថយន្តធុនធំ មិនស្គាល់ម៉ាក ពីក្រោយក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម្នាក់ភេទប្រុសបានស្លាប់ បន្ទាប់ពីខ្ទាតចេញពីរថយន្ត ហើយរថយន្តខូចខាតធ្ងន់ធ្ងរ ។ ឯរថយន្តធុនធំនោះមិនស្គាល់ភិនភាគបើករត់គេចបាត់ តែសមត្ថកិច្ចនគរបាលបាននឹងកំពុងស្រាវជ្រាវស៊ើបអង្កេតបន្ត ។
នគរបាលបន្តថា មូលហេតុនៃគ្រោះថ្នាក់នោះមកពីអ្នកបើកបររថយន្តតូចបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយសង្ស័យស្ថិតក្រោមឥទ្ធពលស្រវឹង ។ ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចធ្វើកោសលវិច្ច័យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕