ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអនុញ្ញាតអោយ លោក ហុង ភារិន ចូលជួបសម្តែងការគួរសម ឯកឧត្តម បានផ្តាំផ្ញើថា…

ភ្នំពេញ៖ ប្រិយមុខជាស្គាល់ ហើយ​យុវជ ហុង ភារិន ដែលលោកមានសមត្ថភាពចងចាំ និងធ្វើអោយសាធារណជនទាំងក្នុងប្រទេសនិងក្រៅប្រទេសផ្សេងស្គាល់ពីកម្ពុជាកាន់តែខ្លាំង ។ យ៉ាងណាមិញនៅរសៀលថ្ងៃទី ៣០ សីហា ២០១៩ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកជំទាវ បានអនុញ្ញាតអោយ លោក ហុង ភារិន និស្សិតអាហារូបករណ៍កម្ពុជាឆ្នាំទី ៤ ផ្នែកអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យរាជផាត់ជ័យភូមិ ខេត្តជ័យភូមិរបស់ថៃ ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរ និងអបអរសាទរប្អូនប្រុស ចំពោះការបង្ហាញសមត្ថភាពនៃការចងចាំរបស់ប្អូនក្នុងកម្មវិធីដ៏ល្បីមួយរបស់ថៃ ដែលធ្វើអោយទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីសាធារណជនទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដែលប្អូនប្រុសធ្វើអោយប្រទេសផ្សេងស្គាល់ពីកម្ពុជាកាន់តែខ្លាំង ដែលទាំងនេះជាលទ្ធផលចេញពីការខិតខំប្រឹងប្រែងព្យាយាមហ្វឹកហាត់កន្លងមក ។ ជាងនេះទៅទៀត ឯកឧត្តម បានផ្តាំផ្ញើអោយបន្តខិតខំរៀនសូត្រ ដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញពេលបញ្ចប់ការសិក្សា ពីព្រោះជាធនធានកម្រមួយ និងជាទំពាំងដ៏ល្អ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយមានការទទួលស្គាល់លើឆាកអន្តរជាតិបន្ថែមទៀត​ ៕