មានភាពភ្ញាក់ផ្អើលមួយដែលបានកើតឡើងចំពោះបងប្អូនកសិករយើង គេបានដឹងថាកសិករខ្មែរដែលប្រកបរបរដាំបន្លែធ្វើចំការបាននាំគ្នាប្រើប្រាស់ជីធម្មជាតិវិញ ហើយដំណាំបន្លែក៏បានលូតលាស់ល្អទទួលបានផ្លែផ្ការព្រមទាំងមានការគាំទ្រពីអ្នកស្រុកទៀតផង។ កសិករដែលប្រកបរបរដាំដំណាំបន្លែជារបរចិញិចឹមជីវិតបានបញ្ឈប់ការប្រើប្រាស់ជីគីមីនាំចូលពីប្រទេសវៀតណាម ហើយបានជ្រើសរើសប្រើប្រាស់ជីធម្មជាតិវិញ។
ជាក់ស្តែង បងប្រុសម្នាក់ដែលជាកសិករដាំបន្លែនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានរៀបរាប់ប្រាប់ថា សព្វថ្ងៃនេះប្រជាកសិករដាំបន្លែបានងាកមកប្រើជីធម្មជាតិវិញ និងឈប់ប្រើប្រាស់ជីគីមីនាំចូលពីប្រទេសវៀតណាមតែម្តង ព្រោះដំណាំទាំងអស់ក៏ល្អ ហើយមានអ្នកភូមិមកទិញដល់ចំការយកទៅធ្វើម្ហូបទៀតផង។
គាត់បានប្រាប់ទៀតថា ជីធម្មជាតិដែលយកមកដាក់លើដំណាំគឺបានប្រើប្រាស់ដើមកន្ទ្រៀងខែត លាយជាមួយអាចម៍រណាមកផ្សំធ្វើជាជី។ ជីធម្មជាតិបែបនេះងាយស្រួលនឹងរកព្រោះស្ថិតនៅក្នុងភូមិ ចំណែកអាចម៍រណាគឺទិញនៅតាមកន្លែងធ្វើតុ និងទូ។ ការដែលធ្វើបែបនេះ វានឹងជួយឱ្យប្រជាជនខ្មែរទទួលបាននូវសុខភាព និងបន្លែស្រស់ៗដែលមានឱជីរសថែមទៀតផង។
អ្នកដាំបន្លែផ្សេងទៀតដែលរស់នៅក្នុងសង្កាត់ព្រែកថ្មី បានប្រាប់ដែរថា ជីធម្មជាតិដែលកសិករនៅសង្កាត់ព្រែកថ្មី យកមកដាក់បន្លែ គឺផ្សំមកពីដើមកំផ្លោកលាយជាមួយលាមកគោ ឬ លាមកសត្វប្រជៀវ។ ជីនេះគឺពេញនិយមសម្រាប់អ្នកដាំបន្លែស្ពៃត្រកួននិងខាត់ណា ហើយជីធម្មជាតិមានការលូតលាស់យឺតមិនដូចជីគីដាក់ភ្លាមលូតភ្លាម ប៉ុន្តែទុកយូរមិនបានព្រោះឆាប់រលួយ៕