កម្មវិធី​ប្រកួតដ៏អស្ចារ្យ​ UCMAS ថ្នាក់​អន្តរជាតិ​លើក​ទី​២៤ ឆ្នាំ​២០១៩… នេះ​គឺ​ជា​លើក​ទី​១ ហើយ​ដែល​ប្រទេស​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កម្មវិធី​ប្រកួត​ UCMAS

នេះ​គឺ​ជា​លើក​ទី​១ ហើយ​ដែល​ប្រទេស​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កម្មវិធី​ប្រកួត​ UCMAS ថ្នាក់​អន្តរជាតិ​លើក​ទី​២៤ ឆ្នាំ​២០១៩ ដែល​កម្មវិធី​ប្រកួត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ លោក​បណ្ឌិត Dino Wong ដែល​បាន​រក​ឃើញ​ថា ចុង​ម្រាម​ដៃ​ទាំង​១០ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​លើ​ផ្នែក​ទាំង​១០ របស់​ខួរ​ក្បាល ទាំង​សង​ខាង ទើប​លោក​បង្កើត​នេះ​ឡើង មក​បង្រៀន​ដល់ កុមារ​​ដែល​មាន​អាយុ​ចាប់​ពី​០៤ ដល់​១២ឆ្នាំ ដើម្បី​គិត​លេខ​បាន​យ៉ាង​រហ័ស។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​​បណ្ឌិត Dino Wong ជា​ស្ថាបនិក និង​ប្រធាន​ UCMAS។ សូម​ជម្រាប​ថា​កម្មវិធី​នេះ​មាន​សិស្ស​ចូលរួម​ប្រកួត​​សរុប​ចំនួន៤០០០នាក់ មក​ពី​៤៩​ប្រទេស​ទូទាំង​ពិភពលោក។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​ប្រកួត UCMAS ​ជា​​កម្មវិធី​អភិវឌ្ឍ​ខួរក្បាល​កុមារ លើក​ទឹក​ចិត្ត​កុមារ​ក្នុង​ការ​​គិត​លេខ​ឱ្យ​​បាន​លឿន ​ធ្វើ​ឱ្យ​កុមារ​ចូលចិត្ត​ក្នុង​ការ​ចាប់​យក​​ចំណេះ​ដឹង​ផ្នែក​​រូប​វិទ្យា និង​វិទ្យាសាស្ត្រ​ កុមារ​ចេះ​គិត​គូរ និង​ត្រិះរិះ​ពិចារណា​។ ឯកឧត្ដម​ក៏​បាន​ជូន​ពរ និង​​​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​​សិស្សានុសិស្ស និង​មាតា​បិតា​សិស្ស​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផងដែរ៕