ស្ទើរស្រក់ទឹកភ្នែក! ដើម្បីសម្រេចបំណងរបស់ម្ដាយមុនពេលស្លាប់ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ បានឡើងលើកំពូលភ្នំដែលខ្ពស់ជាងគេនៅ…

តៃវ៉ាន់៖ ដើម្បីសម្រេចបំណងរបស់ម្ដាយខ្លួនកាលពីគាត់នៅរស់ ក្មេងប្រុស ស៊ីហ្គាំង អាយុ៨ឆ្នាំ បានឡើងទៅលើកំពូលភ្នំដ៏ខ្ពស់មួយនៅលើកោះតៃវ៉ាន់ ដោយនាំយករូបថតម្ដាយទៅជាមួយ ។ ភ្នំដែលក្មេងប្រុសនោះឡើងមានឈ្មោះ Jade Mountain ដែលមានកម្ពស់ ៣,៩៥២ម៉ែត្រ ជាភ្នំមួយខ្ពស់ជាងគេនៅលើកោះ ។

ឪពុករបស់ក្មេងប្រុសនោះបានឲ្យដឹងថា នៅពេលដែលកូនប្រុសរបស់គាត់មានអាយុ៤ឆ្នាំ គាត់រួមទាំងប្រពន្ធនិងកូនបានសន្យាជាមួយគ្នាថា នឹងឡើងទៅលើភ្នំ Jade Mountain ទាំងអស់គ្នា ។ តែ១ឆ្នាំក្រោយមក ប្រពន្ធរបស់គាត់បានស្លាប់ ដោយសារបរាជ័យក្នុងការវះកាត់ជើង និងមិនអាចសម្រេចសន្យានោះបាន ។

ប្រពន្ធរបស់គាត់ ធ្លាប់បាននិយាយទៅកាន់កូនប្រុសថា៖ «បើម៉ាក់មិនអាចឡើងលើភ្នំបានទេ កូនត្រូវតែយកវត្ថុអ្វីក៏បានដែលជារបស់ម៉ាក់ ដើម្បីឡើងទៅលើភ្នំ បានឃើញពិភពលោកទាំងអស់គ្នា »។ ហើយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ លោក តូហ្សូ បាននាំកូនប្រុស និងមិត្តភក្ដិរបស់គាត់ ឡើងទៅលើភ្នំ Jade Mountaion ។

នៅពេលដែលទៅដល់កំពូលភ្នំភ្លាម កូនប្រុសបានទាញយករូបថតម្ដាយនិងស្រែកយ៉ាងខ្លាំងៗថា៖ «ម៉ាក់! ពួកយើងឡើងមកដល់កំពូលភ្នំហើយ »។ ក្រោយពីម្ដាយបានស្លាប់អស់រយៈ ៥៩១ថ្ងៃ ៕