ភ្នំពេញ៖ មហាជនបានរងចាំដំណឹងបេះដូងចេញពីកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បន្ទាប់ពីអ្នកនាងសម្រេចចិត្តនៅជាស្ត្រីមេម៉ាយ និងមើលថែទាំកូនប្រុសស្រីយ៉ាងអំណត់ ។ ពេលនេះអ្នកនាងម៉េង កែវពេជ្ជតា បានទម្លាយឱ្យដឹងថា អ្នកនាងមានបុរសថ្មីម្នាក់ចូលមកលួងលោម ចំពេលដែលមានរឿងជាច្រើន ។
អ្នកនាងថែមទាំងបង្ហាញពីគម្រោងពិសេសឱ្យមហាជនបានដឹង ក្រោយរកបានម្ចាស់ចិត្តរស់នៅបារាំង ។ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានសម្រេចចិត្តទម្លាយរឿងរ៉ាវបេះដូងហើយ គឺអ្នកនាងគ្រោងរៀបចំពិធីជប់លៀងមង្គលការតូចល្មមមួយដើម្បីជាការដឹងលឺអំពីចំណងស្នេហ៍ជាមួយអាណិកជននៅប្រទេសបារាំង ។
អ្វីដែលសំខាន់កូនៗរបស់នាងក៏គ្រោងចេញទៅរស់នៅ និងសិក្សាបន្តនៅប្រទេសបារាំងផងដែរ ។ ការភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយបុរសអាណិកជនរស់នៅប្រទេសបារាំងមួយរយៈពេលចុងក្រោយនេះ អ្នកនាងម៉េង កែវពេជ្ជតា មិនបានលាក់លៀមនឹងរឿងស្នេហានោះទេ ។ ប៉ុន្តែនាងក៏មិនបង្ហាញមុខជាសាធារណៈព្រោះតែជាជីវិតឯកជនរបស់អនាគតស្វាមីរបស់អ្នកនាង ។
អ្នកនាងថាបាននិយាយថា ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ នាងនឹងរៀបចំពិធីជប់លៀងមួយ ដែលនាងមិនរំពឹងថានឹងមានវត្តមានមន្ត្រីថ្នាក់ដឹកនាំធំៗចូលរួមកម្មវិធីនេះទេ ព្រោះតែនាងយល់ថា ថ្នាក់ដឹកនាំសុទ្ធតែរវល់នឹងកិច្ចការងារជាច្រើន៕