លោកផែង វណ្ណៈ ដែលជាបុគ្គលម្នាក់ដែលមានប្រជាប្រិយភាព ក្នុងបណ្ដាញសង្គមហ្វេស៊ុក ត្រូវបានដកចេញពីក្របខ័ណ្ឌកងទ័ព នៃក្រសួងការពារជាតិ ពីព្រោះប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និង បទវិន័យទូទៅសំរាប់កងយោធពលខេមរភូមិន្ទ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ។
បើតាមការបង្ហោះរបស់លោក ផែង វណ្ណៈ វិញ ក្រោយពីរូបលោកត្រូវបានក្រសួងការពារជាតិ លុបឈ្មោះចេញពីក្រសួងរួចមក លោកបានអោយដឹងថារូបលោក គឺបានបំរើជាតិអស់រយៈពេល ៣១ឆ្នាំហើយ ហើយពេលនេះលោកត្រូវបានគេលុបឈ្មោះចេញពីក្របខណ្ឌ ។
ដោយមានខ្លឹមសារទាំងស្រុងថា៖ «គិតចាប់តាំងពីឆ្នាំ ១៩៨៨ ចូលបំរេីជាតិរហូតដល់ឆ្នាំ ២០១៩ ដែលត្រូវលប់ឈ្មោះចេញពី ក្របខ័ណ្ឌ គឺ៣១ឆ្នាំ ដែលខ្ញុំបានរួមចំណែកបំរើជាតិ និង ប្រជាជនរបស់ខ្ញុំ។
អ្វីដែលខ្ញុំមោទភាពបំផុតនោះ ពេលខ្ញុំនៅជាមន្ត្រី ខ្ញុំមិនដែលធ្វេីបាបរាស្ត្រណាម្នាក់អោយរងទឹកភ្នែកនោះទេ។ ខ្ញុំមិនសោកស្ដាយអ្វីដែលបាត់បង់ទេ ដរាបណាដង្ហើមនៅដកក្ដីសង្ឃឹមនៅតែមាន។ មានការងារច្រេីនណាស់ដែលខ្ញុំត្រូវបន្តធ្វេីដេីម្បីប្រជាជនទោះបីខ្ញុំគ្មានឈ្មោះជាមន្ត្រីក៏ដោយ» ៕