គុណបុណ្យទឹកដោះម្តាយថ្លៃ! ទារកម្នាក់សង្គ្រោះបានដោយជោគជ័យ ខណៈម្តាយកើតកូវីដកំពុងធ្វើទុក្ខខ្លាំង

យោងតាមការរាយការណ៍ពី មន្ទីរព័ត៌មានខេត្តព្រៃវែង បានឱ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ ម្នាក់ មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហើម ក្អក ដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មិនទាន់មានសញ្ញាឈឺពោះឆ្លងទន្លេនៅឡើយទេ ទើបក្រុមគ្រូពេទ្យបានសម្រេច ធ្វើការវះកាត់យកកូនចេញតែម្ដង ដើម្បីកាត់បន្ថយហានិភ័យ ។

ជាក់ស្តែង លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា អ្នកជំងឺខាងលើមានឈ្មោះ យ៉ាត ចេក អាយុ 29 ភេទស្រី ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អ្នកជំងឺ ហើមជើង និង មានស្ថាន​ភាពដូចបានរៀបរាប់ខាងលើ ។

ដោយសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យបានពិភាក្សា និង ធ្វើការពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និង បានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺ ដើម្បីធ្វើការវះកាត់សង្គ្រោះកូនដោយសារម្តាយមានសភាពធ្ងន់ធ្ងរ ។

ដោយឡែក នៅវេលាម៉ោង ១០ និង ៤០ នាទីយប់ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២១ ដោយវះកាត់សង្គ្រោះកូនបានដោយជោគជ័យ គឺបានកូនប្រុស ១ ទំងន់ ២.៨ kg កូនសុខភាពល្អធម្មតា ចំណែកឯម្តាយ ក្រោយពីបានវះកាត់យកចេញរួចរាល់ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ និង ខិតខំសង្គ្រោះបន្តទៀត ៕