ក្រោមមេឃតែមួយ មនុស្សល្អបែបនេះមាន ប៉ុន្មាននាក់ សុខចិត្ត ឈរហាលថ្ងៃ ចាំម្ចាស់ឥវ៉ាន់ដែលជ្រុះមកយកវិញ

ដោយយោងតាមការ បង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Long Dy បានសរសេរថា បុរស​រូបនោះ បានឈរចាំ ម្ចាស់តុកតុកដែលបានជ្រុះឥវ៉ាន់ពីលើរ៉ឺម៉ករបស់ខ្លួន ដោយមិនបានដឹងខ្លួន។

បន្ទាប់ពីបានជួបហេតុការណ៏ បុរស​រូបនោះ ក៏បានសម្រេចចិត្ត ឈរចាំទាំងកណ្តាលថ្ងៃ ជាមួយឥវ៉ាន់នោះ រហូតដល់មានអ្នកដំណើរផ្សេងទៀត បានប្រាប់ពូតុកតុក ថាគាត់មានជ្រុះឥវ់ាន់លើស្ពាន ហើយមានបុរសម្នាក់កំពុងឈរចាំគាត់ទៅយកវិញ។ បន្ទាប់ពីនោះ ពូតុកតុកបានបកត្រឡប់មកវិញ ដោយឃើញរូបគាត់ ជាមួយនឹងឥវ៉ាន់ខ្លួន ក៏បានសួរថា បងមានត្រូវត្រង់ណាអត់? សួរដោយអាការៈភ័យ ដោយខ្លាចបងប្រុសឈរចាំឲ្យសងថ្លៃខូចខាតម៉ូតូ។

តែបងប្រុសក៏បានឆ្លើយតបទៅវិញថា មិនត្រូវត្រង់ណាទេ ខ្ញុំឈរចាំនេះគឺចាំរបស់ឲ្យទេ ព្រោះខ្លាចមានគេមកយកទៅបាត់។ ពូតុកតុក សប្បាយចិត្តណាស់ គាត់សម្តែងការអរគុណចំពោះទឹកចិត្តដ៏ល្អរបស់បងប្រុស ថែមទាំងពោលពាក្យថា បើសិនជាគ្មានបងខ្ញុំប្រាកដជាអស់ប្រាក់ខែ១ខែហើយខែហ្នឹង។ យ៉ាងណា គណនីយខាងលើ ក៏បានបង្ហាញអារម្មណ៍មិនល្អចំពោះអ្នកដំណើរដែលប្រាប់គាត់ ឲ្យយកឥវ៉ាន់នោះទៅ ព្រោះជារបស់គេជ្រុះតាស។

ជាក់ស្តែង ទង្វើដ៏ល្អរបស់បងប្រុសខាងលើ បង្ហាញបានថា ការចេះជួយគ្នា ការបង្ហាញទឹកចិត្តល្អចំពោះគ្នា និងមិនចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ជាទង្វើគួរតែបានបង្ហាញ និងចែករំលែកនៅក្នុងសង្គមខ្មែរ មួយវិញទៀត ក៏បានបង្រៀនឲ្យយើង បានដឹងផងដែរថា មិនត្រូវចង់បានរបស់ដែលមិនមែនជាកម្លាំងញើសឈាមរបស់យើងនោះឡើយ ៕