បុកឡានមិនសូវអីធ្ងន់ករបុកកង់នឹងម៉ង! បើករថយន្តមិនប្រយ័ត្នជ្រុលបុករថយន្តមួយគ្រឿង មានដឹកកង់ពីក្រោយ គ្រាន់តែដឹងតម្លៃកង់ភ្លាម ភាគីបង្កបើកភ្នែកធំៗ លុតជង្គង់សំពះ

ញាក់ផ្អើលកណ្តាលរាត្រី សាច់ញាតិជួយដោះស្រាយសំពះសុំទោសលុតជង្គង់សុំសងត្រឹមតែ១ពាន់ដុល្លារ បន្ទាប់ពីបុរសម្នាក់បើករថយន្ត Land Cruiser ទៅបុកពីក្រោយរថយន្ត Ford Raptor ដែលកំពុងដឹកកង់សម្រាប់ជិះហាត់ប្រាណ២គ្រឿង (១គ្រឿងតម្លៃជាង១ម៉ឺនដុល្លារ និង១គ្រឿងទៀតជិត៤ពាន់ដុល្លារ) ខូចខាតយ៉ាងដំណំ ។

ជាក់ស្តែង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧:៤៥នាទីយប់ ថ្ងៃសៅរិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសម្ដីស្ត្រីជាប្រពន្ធភាគីខាងរថយន្ត Ford Raptor បាននិយាយថា ក្រោយពេលកើតហេតុ បានអែបខាងចូលដោះស្រាយ ស្រាប់តែម្ចាស់រថយន្ត Ford Raptor ប្រាប់ពីតម្លៃកង់ទាំងពីរគ្រឿងនោះថា កង់ពណ៌សម៉ាក S-WORK Sram XX1 តម្លៃជាង១ម៉ឺនដុល្លារ, និងកង់ពណ៌ខ្មៅ ម៉ាក GIANT តម្លៃ ៣,៨០០ដុល្លារ លឺដូច្នេះភាគីខាងរថយន្ត LAND CRUISER បើកភ្នែកមើលធំៗនិយាយលែងចេញតែម្ដង និងបានទូរស័ព្ទហៅក្រុមគ្រួសារមកជួយដោះស្រាយ ខណៈពេលកំពុងចរចារគ្នា ស្រាប់តែបុរសម្នាក់ទៀត ដែលត្រូវជាប្អូនប្រុសអ្នកបើកបររថយន្តបង្ក ក៏បានលើកដៃសំពះទទួលស្គាល់កំហុស រួចលុតជង្គង់សុំទោសថែមទៀត ដោយមានលទ្ធភាពសងត្រឹមតែ១ពាន់ដុល្លារប៉ុណ្ណោះ តែភាគីខាងរថយន្ត Ford មិនព្រមទទួលឡើយ ទើបបង្កការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុតែម្ដង ។

ដោយឡែក ដោយមិនចង់វែងឆ្ងាយ ភាគីខាងរថយន្ត Ford Raptor ក៏ព្រមទទួលយកសំណងចំនួន១ពាន់ដុល្លារនោះ និងបានណែនាំភាគីខាងរថយន្ត LAND CRUISER ថា នេះសំណាងហើយ មិនគ្រោះថ្នាក់ខ្លួនឯងឬអ្នកដទៃ សូមបើកបរបង្កើនការប្រុងប្រយ័ត្នផង នេះប៉ះគាត់ចិត្តល្អ ចុះបើប៉ះអ្នកផ្សេងពិបាកជាងនេះមិនខាន ព្រោះខូចខាតរបស់គេ មិនមែនគេមានមនោសញ្ចេតនានិងចិត្តល្អគ្រប់គ្នានោះទេ៕