រឿងដ៏សែនគួរឲ្យបារម្ភពាក់កណ្ដាលរាត្រី! យប់មិញនេះ ឡានសារ៉ែនរាប់គ្រឿង តម្រង់ជួរ ដឹកអ្នកជំងឺកូវីដចូលស្តាតអូឡាំពិក

រឿងដ៏សែនគួរឲ្យបារម្ភពាក់កណ្ដាលរាត្រី ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២១ អ្នកក្រុងភ្នំពេញនៅមិនទាន់់អាចបិទភ្នែកសម្រាន្តលក់ឡើយ សំឡេងរថយន្តសាមុយលាន់ទ្រហងកងរំពង ដឹកអ្នកជំងឺនៅតែបន្តហូហែរមិនដាច់ ។ បណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សាយផ្ទាល់ពីទិដ្ឋភាពរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានដឹកអ្នកជំងឺកូវីដ តម្រង់ជួរយ៉ាងវែងអន្លាយ រង់ចាំយកអ្នកជំងឺទាំងអស់ចូលសម្រាកព្យាបាល នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ដោយឡែក លទ្ធផលផ្លូវការពីតួលេខនៃអ្នកឆ្លុងវីរុសកូវីដ-១៩ សម្រាប់ថ្ងៃទី ៣ ឧសភា ២០២១ នៅមិនទាន់ចេញនៅឡើយទេ ប៉ុន្តែស្ថានភាពជាក់ស្ដែងបង្ហាញថា កំណើននៃអ្នកឆ្លងថ្មីៗហាក់មិនថមថយនៅឡើយទេ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរង់ចាំសេចក្ដីប្រកាសផ្លូវការ និងសូមរក្សាស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ការពារខ្លួន និងគ្រួសារអ្នកឱ្យជៀសឆ្ងាយពីវីរុសនេះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ចូលរួមចាក់វ៉ាក់សាំងបង្ការ និងសូមកុំចេញពីផ្ទះបើគ្មានការចាំបាច់ ៕