មិននឹកស្មានដល់! ដឹងរឿងពិតដ៏កម្សត់នៅពីក្រោយការចោទប្រកាន់ អ៊ំប្រុសពិការ និងភរិយាចំណាស់ ថាជាមនុស្សលោភលន់ តាមពិត..

ជាការពិតណាស់ ប៉ុន្មានថ្ងៃមកនេះ រូបភាពអ៊ំប្រុសពិការជិះរទេះរុញ និងមានស្រ្តីសក់ស្កូវវ័យចំណាស់រុញពីក្រោយទៅទទួលអំណោយ និងរូបភាពសុំការអំពាវនាវឱ្យជួយជាស្បៀងអាហារនោះ ត្រូវបានបុគ្គលមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុកធ្វើការចែករំលែកបន្តគ្នា និងថែមទាំងបានប្រើពាក្យសម្ដីមិនសមរម្យ ចោទបំពាន ដាក់បន្ទុកទៅលើពួកគាត់ទាំងមិនបានដឹងហេតុពិតនៃជីវិតគ្រួសារក្រីក្រមួយនេះ ថាបានឆ្លងកាត់អ្វីមកខ្លះ ។ អ្នកខ្លះឃើញតែរូបភាពហើយវិនិច្ឆ័យយកទាំងគំនិតអវិជ្ជមានលើប្ដីប្រពន្ធវ័យចំណាស់នេះ ។ អ្នកខ្លះថែមទាំងបានប្រើពាក្យថា «ពេលព្រឹកទទួលអំណោយ ពេលយប់ស្រែកដាច់បាយ» ។

ទោះជាយ៉ាងណា នៅយប់ថ្ងៃទី ៣០ មេសា ២០២១ នេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Na Ta Lia ​ដែលអះអាងថាខ្លួនជាអ្នកភូមិរស់នៅជាមួយប្ដីប្រពន្ធចំណាស់ខាងលើ បានធ្វើការបកស្រាយ និងទម្លាយរឿងរ៉ាវគ្រប់បែបយ៉ាង នៅពីក្រោយរូបភាពទៅទទួលអំណោយនេះ ។

ជាក់ស្តែង ខ្លឹមសារដែលបានរៀបរាប់ទាំងស្រុង៖ « សូមអ្នកដែលបានធ្វើការចោទលោកអ៊ំទាំងពីរថាជាមនុស្សលោភលន់សូមទៅដឹងការពិតទាំងអស់គ្នា។ សុំនិយាយរឿងអ៊ំស្រី អ៊ំប្រុសដែលគេកំពុងចោទថាគាត់លោភលន់បំពុលសង្គម ។ លោកអ្នកទាំងឡាយដែលផុស ស៊ែរ ខមមិនបែបនេះតើស្គាល់ស្ថានភាពគាត់ច្បាស់ ឬនៅ ឃើញជាក់ស្តែង ឬនៅ មុននឹងនិយាយថាគាត់ទទួលអំណោយពេលព្រឹកចេញតវា៉ពេលយប់?

ខ្ញុំនិយាយព្រោះខ្ញុំបានឃើញនឹងស្គាល់គាត់ព្រោះគាត់នៅជិតផ្ទះខ្ញុំពីមុនគាត់ពីរនាក់ប្តីប្រពន្ធដើរលក់ដំឡូងស្ងោរដោយភាពថ្លៃថ្នូរមិនលើកដៃសុំអ្នកណា៎ទេ តែអកុសលប្តីគាត់ឡើងឈាមធ្លាក់ខ្លួនពិការ ប្រពន្ធមិនទៅណា៎ចោលប្តីសុខចិត្តនៅងូតទឹកបញ្ចុកបាយព្រឹកល្ងាច ជួនក៏មានអីហូបជួនក៏អត់ ពេលខ្លះអ្នកជិតខាងហុចនេះហុចនោះតាមលទ្ធភាព គាត់រស់នៅជាមួយកូន ២នាក់ កូនប្រសារ ២នាក់ ចៅតូចៗជិត ១០នាក់ សុំដីគេនៅធ្វើរោងដោយបាំងតង់ កូនៗគាត់មានមុខរបរលក់ដំឡូងស្ងោរ តាំងមានការរាំងខ្ទប់មកចំណូលពួកគាត់ត្រូវបាត់បង់ទាំងស្រុង (*បញ្ជាក់ តាំងពីមានការរាំងខ្ទប់មកមិនដែលមានជំនួយម្តងឡើយ កំឡុងពេលរាំងខ្ទប់ដល់ថ្ងៃផ្ទុះការតវ៉ា)

រូបភាពទីមួយ គាត់ទទួលបានអំណោយដោយចៃដន្យខណៈគាត់អូសរទេះប្តីតាមផ្លូវស្របពេលគេកំពុងចែកអំណោយតំបន់ផ្សេង គេឃើញអាណិតក៏ហៅគាត់ចូលយកអំណោយដែរ ថ្ងៃទី ១៩ មេសា ២០២១ ។រូបភាពទីពីរ ធ្វើឡើងនៅម្សិលមិញថ្ងៃទី ២៩ មេសា ២០២១ ព្រោះប្រជាជនជាច្រើនក្នុងតំបន់នេះផ្ទុះការតវ៉ាសុំជំនួយ (ពួកគាត់ភាគច្រើនអ្នកផ្ទះជួល ឬកម្មការនី អ្នកមធម្យម និងអ្នកធូរធារមិនបានចូលរួមទេ) អង្ករ ២០គីឡូសម្រាប់សមាជិកជិត ២០នាក់គួរតែអស់ដែរទេសម្រាប់រយៈពេល ១០ ថ្ងៃ????

ម្ចាស់គណនីដដែល បានបន្តថា៖ សូមបងប្អូនមេត្តាវិភាគម្តងទៀត ខ្ញុំសង្ឃឹមថាចាប់ពីពេលនេះទៅបងប្អូនបញ្ឈប់ការវិភាគបែបមិនច្បាស់ការទៀតទៅ ទីមួយការវិភាគដែលគ្មានភស្តុតាងច្បាស់លាស់ធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់កិត្តិយសខ្លួនឯង (មិនខុសអីពីអ្នកបន្ទរអាជ័យធ្លាក់ទឹកហៃអើៗ) ទីពីរគឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សង្គមរីកចម្រើន ដោយសារយើងទាំងអស់គ្នា សូមធ្វើជាធនធានមនុស្សប្រកបដោយចំណេះដឹង កុំឱ្យអ្នកមិនដឹងរឿង ឬដឹងព្រាវៗមកពង្វក់បានតាមចិត្តបែបនេះអី៕