អាណិតណាស់! ស្រ្តីពោះធំម្នាក់ បែកទឹកភ្លោះ អស់រយៈពេលជាច្រើនម៉ោង គ្រួសារ ដឹកទៅមន្ទីរពេទ្យ អស់៨មន្ទីរពេទ្យ មិនទទួលឡើយ ចុងក្រោយ អស់រយះពេល៤ម៉ោង ទើបដល់មន្ទីរពេទ្យទី៩

កាលពីវេលាម៉ោង០១៖៣០នាទីយប់រំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ស្ត្រីមានផ្ទៃពោះកូនដំបូងម្នាក់ មិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះ អស់រយៈពេលជាច្រើនម៉ោង ទើបក្រុមគ្រួសារ ដឹកបញ្ជូនទៅរកមន្ទីរពេទ្យ ចូលមន្ទីរពេទ្យមួយហើយ ដោយមិនដឹងមូលហេតុអ្វីឡើយ ក៏បន្តទៅមន្ទីរពេទ្យមួយទៀត អស់រយៈពេលជិត៤ម៉ោង មកដល់មន្ទីរពេទ្យទី៩ គឺមជ្ឈមណ្ឌល គាំពារ មាតា និង ទារក (ពេទ្យជប៉ុន) ក្រុមគ្រូពេទ្យបានទទួលពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងជួយសម្រាលបានកូនប្រុសម្នាក់ដោយជោគជ័យហើយ។

ស្ត្រីមានផ្ទៃពោះខាងលើនេះ ឈ្មោះ ណា រុណ អាយុ​ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិវត្តចា ឃុំកំពង់ឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ប្ដីមានឈ្មោះ ឡេង វាសនា អាយុ ២០ឆ្នាំ មុខរបរអ្នកដឹកទឹកសុទ្ធ មានស្រុកកំណើតនៅខេត្តព្រៃវែង។

ជាក់ស្តែង ក្រោយពេលសម្រាលកូនរួច គាត់កំពុងសម្រាក នៅបន្ទប់២១២ គ្រែលេខ៣ នៃមន្ទីរពេទ្យជប៉ុន ដើម្បីតាមដានសុខភាព ម្ដាយនិងកូនបន្តសិនផងដែរ។

ចុងក្រោយ ក្រុមគ្រួសារនិងសាច់ញាតិ បានថ្លែងអំណរអរគុណយ៉ាងខ្លាំង ដល់ក្រុមគ្រូពេទ្យ ដែលបានទទួលពិនិត្យ និងបានយកចិត្តទុកដាក់សម្រាលកូនបានដោយជោគជ័យ៕