និស្ស័យអោយច្បាស់ចែស! បុរសដែលខ្ពស់ជាងគេលើលោក ជួបគ្នាជាមួយនឹងនារីទាបជាងគេលើលោក

លោក Sulotan Kosen ដែលជាមនុស្សមានកម្ពស់ខ្ពស់ជាងគេលើលោក (២.៥១ ម៉ែត្រ) បានជួបជាមួយនាង Jyoti Amge ដែលជានារីមានកំពស់ទាបជាងគេ (០.៦៣ ម៉ែត្រ)។

ជំនួបរវាងអ្នកទាំងពីរបានធ្វើឡើង នៅបរិវេណប្រាសាទពីរ៉ាមីត ដែលរាល់ថ្លៃចំណាយ​លើសំបុត្រយន្តហោះរបស់ពួកគេ ត្រូវបានឧត្ថម្ភពីសំណាក់ ក្រុមប្រឹក្សាលើកកំពស់វិស័យទេសចរណ៍ របស់អេហ្ស៊ីប។

គេរំពឹងថា ការដែលបុគ្គលល្បីល្បាញទាំងពីររូប ជួបគ្នានៅប្រាសាទនេះ នឹងធ្វើឲ្យចំនួនភ្ញៀវទេសចរ ដែលចូលមកទស្សនា នឹងកើនឡើងមួយកម្រិតថែមទៀត។

គួររម្លឹកថា លោក Kosen ដែលជាបុរសមានកំពស់ខ្ពស់ជាងគេ សព្វថ្ងៃមានវ័យ ៣៣ ឆ្នាំហើយ។ បុរសជនជាតិតួកគីរូបនេះ បានកើតជំងឺម្យ៉ាងដែលទាក់ទងទៅនឹងអរម៉ូនលូតលាស់ (ហួសកម្រិត) និងបណ្តាលឲ្យរាងកាយរបស់អ្នកជំងឺ មានការលូតលាស់ខុសប្រក្រតី នៅវ័យកុមារ។

ចំណែកឯនាង Amge វិញ មានអាយុ ២៤ ឆ្នាំ កើតនៅទីក្រុង Nagpur រដ្ឋ Maharashtra ប្រទេសឥណ្ឌា បច្ចុប្បន្នប្រកបរបរជាតារាសម្តែងមួយដួងផងដែរ។ នាងកើតជំងឺម្យ៉ាងហៅថា “achondroplasia” ធ្វើឲ្យការលូតលាស់របស់នាងមានភាពមិនប្រក្រតី និងក្លាយជាស្ត្រីដែលទាបជាងគេបង្អស់ លើពិភពលោក៕