ពិតជាសំណាងមែន! ទិញខោជជុះស្លៀកសោះ បែរជាបានលុយយ៉ាងច្រើន

ពាក្យចាស់លោកពោលថា សំណាងរបស់មនុស្សម្នាក់ៗពិតជាមើលមិនឃើញមែន។ តួយ៉ាងដូចជាបុរសកំពូលសំណាងម្នាក់បានទិញខោអាវជជុះ ២គីបថាគ្រោងយកទៅលក់ ក្រោយមកស្រាប់តែរកឃើញអាវមួយមានកាបូបលុយក្នុងនោះ និងមានលុយជាង ២ម៉ឺនរីងហ្គីត (ជិត ៥,០០០ដុល្លារ)។

បុរសមហាសំណាងនេះមានឈ្មោះ Adam Wan Mohamed មានអាយុ ២៩ឆ្នាំ គ្រោងបើកហាងលក់ខោអាវជជុះមួយ ដូច្នេះគាត់ក៏បានទិញខោអាវជជុះចំនួន ២គីបពីហាងលក់ខោអាវជជុះបោះដុំមួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ ដោយចំណាយអស់ត្រឹមជាង ២៥ ដុល្លារប៉ុណ្ណោះ។

ក្រោយមកគាត់ក៏យកខោអាវជជុះ ២គីបនេះមកផ្ទះរបស់គាត់ហើយពិនិត្យមើល។ គាត់បានរកឃើញកាបូបមួយនៅក្នុងអាវ ហើយក៏ឆែកមើលឃើញសុទ្ធតែលុយនៅក្នុងហ្នឹង។

លោក Adam បានចែករំលែករឿងនេះចូលក្នុងគណនីហ្វេសប៊ុករបស់លោកដោយរៀបរាប់ថា៖

«ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ហើយខ្ញុំនឹងយកលុយទាំងអស់នេះទៅពង្រីកអាជីវកម្មរបស់ខ្ញុំបន្ថែមទៀត។»

យ៉ាងណាមិញ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានរិះគន់គាត់ថា៖

«បើលុយនេះមានម្ចាស់ លោកគួរតែយកលុយទាំងនេះប្រគល់ឱ្យម្ចាស់ដើមគេវិញ ហើយបើមិនអាចរកឃើញទេ អីចឹងលោកគួរតែប្រគល់វាឱ្យទៅប៉ូលិស។»

ចំណែកឯខ្លះទៀតក៏បានអបអរសាទរលោក ថាលោកពិតជាសំណាងពិតមែន ដោយចំណាយលុយទិញខោអាវជជុះ ២គីបអស់តែ ២៥ ដុល្លារប៉ុណ្ណោះ អាចបានលុយមកវិញរាប់ពាន់ដុល្លារ៕