អបអរសាទរ!ស្វាមីរាជិនីចិត្តបុណ្យ ស្រីអូន ទទួលបានងារថ្មីៗជាឧកញ៉ាក្នុងវ័យ ៣៨ ឆ្នាំ…

លោក ឈាង រ័ត្ន អាយុ ៣៨ ឆ្នាំ ត្រូវបានមហាជនខ្មែរស្គាល់យ៉ាងច្បាស់ថាជាអគ្គនាយកនៃក្រុមហ៊ុនសម្រស់ធម្មជាតិ និង ស្វាមីរបស់រាជិនីចិត្តធម៌ ស្រីអូន ដែលអ្នកទាំងពីរតែងតែនិយមធ្វើសកម្មភាពសប្បុរសធម៌គ្រប់រូបភាពជាច្រើន

តាមព្រះរាជក្រឹត្យ នស/រកត/០១២១/០៩៤ ធ្វើនៅព្រះបរមរជវាំង ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ លោក ឈាង រ័ត្ន ជា ឧកញ៉ា ។

គួរឱ្យដឹងដែរថា ចំពោះគោរមងារឧកញ៉ានេះ បច្ចុប្បន្នត្រូវបានគេដឹងថា គឺបានទៅលើសប្បុរសជន ដែលបានធ្វើអំណោយជាថវិកា ឬ សម្ភារដល់រដ្ឋ មានតម្លៃចាប់ពី ៥០ ម៉ឺនដុល្លារឡើងទៅ នឹងត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជក្រឹត្យផ្តល់គោរមងារជា ឧកញ៉ា។

ហើយជាក់ស្តែង លោក ឈាង រ័ត្ន និង អ្នកនាង ស្រីអូន ក៏តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសកម្មភាពសប្បុរសធម៌នេះ ទាំងការចូលរួមចំណែកជាមួយរដ្ឋាភិបាល និង ការចុះជួយផ្ទាល់ខ្លួនឯងផងដែរ កាលពីកន្លងទៅនោះ ៕