ក្រោយពេលបាត់វត្តមាន១០ឆ្នាំជាង! ពេលនេះ លោក តាំង គឹម​ហេង អតីត​ចាងហ្វាង​ផលិតកម្ម KH បាន​បើក​កកាយ​ជា​លើកដំបូង ពី​មូលហេតុ​ដែល…

ក្រោយពេលបាត់វត្តមាន១០ឆ្នាំជាង ពេលនេះ លោក តាំង គឹម​ហេង អតីត​ចាងហ្វាង​ផលិតកម្ម KH បាន​បើក​កកាយ​ជា​លើកដំបូង ពី​មូលហេតុ​ចាក​ចេញ​ពី​ជីវិត​ស៊ី​វីល័យ ទៅ​រស់​នៅ​យ៉ាង​ស្ងៀមស្ងាត់​តែ​ម្នាក់​ឯង​ធ្វើ​ជា​កសិករ​ដាំ​បន្លែ​បង្ការ​ក្រោម​កំដៅ​ថ្ងៃ​ក្ដៅហែង​នៅ​ឯ​ស្រុក​កំណើត​នា​ខេត្ត​បន្ទាយ​មាន​ជ័យ។

យោងតាម​ការ Live វីដេអូ​យប់​មិញ លោក គឹម ​ហេង ដែលគ្រប់គ្នាបានស្គាល់ជាអតីត​ចាងហ្វាង​ផលិតកម្ម KH បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ១៩៩៧ លោក​បាន​ដំណើរ​ការ​ផលិតកម្ម KH ដែល​ជា​ផលិតកម្ម​ដ៏​ល្បី​មួយ​នា​ពេល​នោះ និង​បណ្ដា​ឆ្នាំ​ខាងមុខ​ទៀត ដោយ​បាន​បណ្ដុះបណ្ដាល​តារា​ចម្រៀង​ជា​ច្រើន​រូប ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ល្បី​ល្បាញ ក្នុង​នោះមានដូចជា សុខ ពិសី សុខ ស្រី​នាង សាន ផានិត និង​ហ្សូណូ​ជា​ច្រើនទៀត។

ក្រៅ​ពី​នេះ KH ក៏​បាន​បង្កើត​ក្រុម​ចម្រៀង​ផ្ទាល់​ខ្លួន​ថែម​ទៀត​មាន​ដូច​ជា​ក្រុម Top boy និង 4 Strong។ ប៉ុន្តែ​ទន្ទឹម ផលិតកម្ម​កំពុង​ដំណើរ​ល្អ ស្រាប់​តែ​បាត់​លោក ចេញ​ពី​ពិភព​សិល្បៈ​ស្ងាត់​ឈឹង ហើយ​បែរ​ទៅ​ឃើញ​លោក​រស់​នៅ​ក្នុង​ជីវភាព​កសិករ​នៅ​ឯ​ស្រុក​កំណើត​នៅ​ប្រមាណ ១០​ឆ្នាំ​ក្រោយ​ទៅវិញ។

កាលនោះ ​មិន​មាន​នរណា​ដឹង​ថា​មាន​មូលហេតុ​អ្វី​ឡើយ​កើត​មាន​ចំពោះ​លោក ដោយ​ទើប​តែ​យប់​មិញ​នេះ​ប៉ុណ្ណោះ លោក​បាន​សុខ​ចិត្ត​បើក​ទម្លាយ​ពី​រឿង​នេះ។

មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​លោក​សុខ​ចិត្ត​ចាក​ចេញ​នា​ពេល​នោះ បាន​លើក​ឡើង​ថា ដោយ​សារ​តែ​លោក​ឆ្អែត​នឹង​ស្ថានភាព​សិល្បៈ​ក្នុង​ពេល​នោះ ពាក់​ព័ន្ធ​នឹង​លួច​ចម្លង​ស្នាដៃ។ លោក​ថា បទ​ចម្រៀង​លោក​ដែល​ចេញ​ទៅ​មួយ​វ៉ុល​ៗ ដែល​ខំ​ចំណាយ​ដើម​ទុន កម្លាំង​កាយ​ចិត្ត និង​បញ្ញា​ស្មារតី​នោះ គ្រាន់​តែ​ចូល​ដល់​ទីផ្សារ ក៏​មាន​កូពី​លក់​ពេញ​ផ្សារ​យ៉ាង​អនាធិបតេយ្យ​ទៅ​ហើយ ហើយ​ផ្លូវ​ច្បាប់​ក៏​ហាក់​មិន​បាន​ផលអីទាស់តែសោះ។

ស្ថានភាព​បែប​នេះ កាន់តែយ៉ាប់យរទៅ ធ្វើ​ឲ្យ​លោក​អស់​ទឹក​ចិត្ត កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ជំនួញ​នេះ​បន្ត​ទៀត ទើប​លោក​ចាក​ចេញ​ទៅ​។ យ៉ាង​ណា​ក៏​ដោយ តាម​ការ​បញ្ជាក់​របស់​លោក ផលិតកម្ម KH នៅ​តែ​ដំណើរ​ការ​ធម្មតា​ក្រោយ​ពី​លោក​ចាក​ចេញ​ទៅ។ ប៉ុន្តែ​មិន​ដូច​ដែល​លោក​នៅ​កាន់​ផ្ទាល់​ដៃ​នោះ​ឡើយ គឺ​ដំណើរ​ការ​ទាំង​មិន​រលូន រហូត​ដល់​ឆ្នាំ ២០១៧ ទើប​លែង​ដំណើរ​ការ​ទាំង​ស្រុង។

លោក តាំង គឹមហេង បាន​ ថ្លែង​ថា “ថ្ងៃ​នេះ ខ្ញុំ​ជា​ដង្កូវ ប៉ុន្តែ​ថ្ងៃ​ស្អែក​ខ្ញុំ​មិន​ប្រាកដ​ជា​ដង្កូវ​ទៀត​ទេ ដូច្នេះ​សូម​រាប់​អាន់​ខ្ញុំ​ផង!”។ លោក គឹម ហេង បច្ចុប្បន្ន​ប្រឹង​ជំនះ​នឹង​ការ​លំបាក​បណ្ដាល​ពី​ជីវិត​ជួប​ការ​ផ្លាស់​ប្ដូរ​យ៉ាង​លំបាក ដោយមាន​ការ​តាំង​ចិត្ត មាន​ការ​ជឿជាក់​ដូច្នេះ ផ្សំ​នឹង​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​ដែល​នៅ​អាណិត​ស្រឡាញ់​រូបលោកផ្ទាល់៕