ដឹង​ហើយ ឬ​នៅ​ថា! ទ្រព្យ​សរុប​របស់​ប្រធានាធិបតីថ្មីអាមេរិក Joe Biden មាន​ចំនួន​ប៉ុន្មាន​លាន​ដុល្លារ?

លោក Joe Biden បានធ្វើ​នយោបាយ​រាប់សិប​ឆ្នាំ​មកហើយ ប៉ុន្តែ លោក​ទើបតែ​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ពី​ចប់​អាណត្តិ​អនុ​ប្រធានាធិបតី និង​បោះ​ពុ​ម្ភ​សៀវភៅ។ ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក លោក Joe Biden ត្រូវបាន​ទស្សនាវដ្ដី Forbes ស្រាវជ្រាវ​ឃើញថា មានទ្រព្យ​​សម្បត្តិ​ប្រមាណ​ជា 9 លាន​ដុល្លារ​អាមេរិក។ ពេល​ចាប់ផ្ដើម​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ឆ្នាំ 2020 លោក Biden បានប្រកាស​ព័ត៌មាន​អំពី​ហិរញ្ញវត្ថុ​របស់ខ្លួន។

មុនពេល​ក្លាយជា​អនុ​ប្រធានាធិបតី​អាមេរិក​ក្នុង​អាណត្តិ​របស់លោក Barack Obama លោក Biden គឺជា​តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​ចាប់ពី​ឆ្នាំ 1973 ដល់​ឆ្នាំ 2009។ ក្នុងអំឡុង​ពេលនោះ ប្រាក់បៀវត្ស​របស់លោក​បាន​កើន​ពី 42.500 ដុល្លារ ឡើងដល់ 174,000 ដុល្លារ/ឆ្នាំ នេះ​បើតាម​ឯកសារ​របស់​សភា​ជាន់ខ្ពស់។ នៅពេល​បាន​ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ 2009 ដល់ 2017 ប្រាក់បៀវត្ស​របស់លោក Biden បាន​កើន​ឡើងដល់ 230,000 ដុល្លារ/ឆ្នាំ។

ចាប់ពី​បាន​ចាក​ចេញពី​តំណែង​អនុ​ប្រធានាធិបតី​កាលពី​ជំនាន់​លោក Obama លោក Biden ទើបតែ​រកបាន​ប្រាក់​ច្រើន​ជា​លើកដំបូង​ពី​ការបោះ​ពុ​ម្ភ​សៀវភៅ និង​ធ្វើជា​វាគ្មិន។ ខែវិច្ឆិកា ឆ្នាំ 2019 ទ្រព្យ​របស់លោក​មានតម្លៃ​មិន​ដល់ 30,000 ដុល្លារ​នោះទេ នេះ​បើតាម​បណ្ដាញ​ទូរ​ទ្សន៍ និង​វិទ្យុ​អាមេរិក CBS។ ប៉ុន្តែ បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​កាលពី​ខែកក្កដា ឆ្នាំ 2019 លោក Biden និង​ភរិយា រកបាន​ប្រាក់​ជិត 16 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2017 និង 2018 ក្នុងនោះ​ក៏មាន​ចំណូល​ដែល​បានមកពី​ការសហការ​បោះ​ពុ​ម្ភ​សៀវភៅ​ជាមួយនឹង​ក្រុមហ៊ុន Flatiron Books ដែលមាន​តម្លៃ 8 លាន​ដុល្លារ។

លោក Biden បាន​សរសេរ​សៀវភៅ​ចំនួន​ពីរ​ក្បាល​ក្នុង​រយៈពេល 11 ឆ្នាំ​កន្លងទៅ រួមមាន «Promises to keep» (បកប្រែ​ក្រៅផ្លូវការ​ថា «សន្យា​ដែល​នឹងត្រូវ​រក្សា») កាលពី​ឆ្នាំ 2008។ ឆ្នាំ 2017 សៀវភៅ «Promise me, Dad» (សន្យា​នឹង​កូន​ណា៎ ពុក) ក៏ត្រូវ​បាន​បោះ​ពុ​ម្ភ បន្ទាប់ពី​កូនប្រុស Beau Biden របស់លោក​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក។ «Promise me, Dad» បាន​ក្លាយជា​សៀវភៅ​មួយ​ក្នុងចំណោម​សៀវភៅ​ដែល​លក់ដាច់​ជាងគេ​នៅ​អាមេរិក ដោយ​លក់​ជាង 300,000​​ក្បាល។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុថ្មីៗនេះ លោក Biden ទទួលបាន​ប្រាក់​ប្រមាណ​ពី 8,000 ដល់ 9,000 ដុល្លារ​នៅ​រៀងរាល់​ចំណុច​នៃ​ការផ្អាក​ការឃោសនា​សម្រាប់​សៀវភៅ​ដែល​លោក​បាន​សរសេរ និង​បោះ​ពុ​ម្ភ។ សកម្មភាព​នេះ ចុងក្រោយ​ក៏​រកបាន​ប្រាក់ចំណូល​ប្រមាណ 1.8 លាន​ដុល្លារ។

សារព័ត៌មាន AP បានឱ្យដឹងថា ការធ្វើជា​វាគ្មិន​របស់លោក Biden មានតម្លៃ​ចាប់ពី 40,000 ដល់ 190,000 ដុល្លារ/ពេល បើទោះជា​លោក​ក៏មាន​កិច្ច​សម្ភាស​ដោយ​មិន​គិតថ្លៃ។ CNBC បាន​រាយការណ៍​ថា លោក Biden ធ្លាប់​ទទួលបាន​ប្រាក់ 190,000 ដុល្លារ សម្រាប់​ការធ្វើ​បទ​បង្ហាញ​មួយ​នៅ​សាកលវិទ្យាល័យ Drew រដ្ឋ New Jersey កាលពី​ខែមីនា ឆ្នាំ 2018។ សកម្មភាព​ធ្វើជា​វាគ្មិន​បាន​នាំមក​នូវ​ខ្ទង់​ប្រាក់ 2.4 លាន​ដុល្លារ​សម្រាប់​គ្រួសារ​នេះ។

ឆ្នាំ 2019 ពេលធ្វើ​ការឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​តំណែង​ប្រធានាធិបតី លោក និង​លោកស្រី Jill ក៏​រកបាន​ប្រហែល 1 លាន​ដុល្លារ។ ក្រៅពីនេះ អតីត​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​ទទួលបាន​ប្រាក់ 540,000 ដុល្លារ​សម្រាប់​តួនាទី​ជា​សាស្ត្រា​ចារ្យ​​នៅ​​មជ្ឈមណ្ឌល​ការបរទេស​និង​អន្តរ​កម្ម​សកល Penn Biden នៃ​សាកលវិទ្យាល័យ Pennsylvania។

មកដល់​ចុងឆ្នាំ 2019 លោក Biden បាន​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ និង​ជា​អ្នកនយោបាយ​ដែលមាន​ទ្រព្យ​ច្រើន​មួយរូប​ផងដែរ ដោយ​រកបាន 16.7 លាន​ដុល្លារ​ក្នុង​រយៈពេល 3 ឆ្នាំ។ រាប់​ចាប់ពី​ឆ្នាំ 1998 លោក Biden បង់ពន្ធ​លើ​ប្រាក់ចំណូល​ជូន​រដ្ឋ​បាន​ចំនួន 6.7 លាន​ដុល្លារ ក្នុងនោះ​មាន 5.5 លាន​ដុល្លារ​រាប់​ចាប់ពី​ឆ្នាំ 2017។

ក្នុង​រយៈពេល 3 ឆ្នាំ​កន្លងទៅថ្មីៗនេះ គ្រួសារ​លោក Biden ក៏​ចំណាយ​ប្រា​ក់ជាង 1 លាន​ដុល្លារ​សម្រាប់​សកម្មភាព​ម​នុស្ស​ធម៌​ទៀតផង។ ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​គ្រួសារ​លោក Biden គឺជា​អចលនទ្រព្យ ប៉ុន្តែ​ពួកគេ​ក៏មាន​ខ្ទង់​វិនិយោគ​ផងដែរ។ Forbes ឱ្យដឹងថា ផ្ទះ​ចំនួន​ពីរ​ខ្នង​របស់លោក Biden នៅ​រដ្ឋ Delaware មានតម្លៃ​សរុប 4 លាន​ដុល្លារ។ ពួកគេ​មានទ្រព្យ​ជា​សាច់​ប្រាក់សុទ្ធ និង​ខ្ទង់​វិនិយោគ មានតម្លៃ 4 លាន​ដុល្លារ រួម​នឹង​ប្រាក់​ចូលនិវត្តន៍​ចំនួន 1 លាន​ដុល្លារ។

នៅពេល​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក លោក Biden ទទួលបាន​ប្រាក់បៀវត្ស​ចំនួន 400,000 ដុល្លារ/ឆ្នាំ។ យោងតាម​ច្បាប់ Cornell ប្រធានាធិបតី​អាមេរិក​ក៏​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយ​បន្ថែមចំនួន 50,000 ដុល្លារ/ឆ្នាំ ដើម្បី​អនុវត្ត​ភារកិច្ច​របស់ខ្លួន៕

ប្រភព៖ lareine