រំភើបទេបងប្អូន! កម្ពុជា យើងនឹងទទួលបានវត្ថុបុរាណអាយុរាប់រយឆ្នាំ ត្រលប់មកវិញឆាប់ៗនេះ

នៅថ្ងៃទី​ ២៩​ ខែមករា ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជម្រាបដំណឹងឱ្យដឹងថា បន្ទាប់ពីដំណើរការចរចាអស់ជាងបីឆ្នាំមក ក្រុមគ្រួសាររបស់លោក ខូផ្លាស ឡាយហ្វដ (Douglas Latchford) បានព្រមព្រៀង បញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។

វត្ថុបុរាណខ្មែរ ចំនួនជាង ១០០ រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ដែលភាគីទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ ។

គួរបញ្ជាក់ផងដែរថា ស្នាដៃពិចិត្រទាំងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុ ដ៏ល្អឯក មកពីអតីតរាជធានីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នាពេលខាងមុខ។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរនិងព្រះស្កន្ទ (សិវស្កន្ធ) ធ្វើពីថ្មភក់ មកពីរមណីយដ្ឋានកោះកេរ្តិ៍ និងកន្សែទូកធ្វើពីសំរិទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗនេះ ដែលក្រសួងនឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ ជាបន្តបន្ទាប់ទៀតទៅតាមដំណាក់កាលនីមួយៗ នៃការវិលត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរទាំងនោះ ៕​ (ប្រជាប្រិយ)

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖