មហាលាភមែន! គ្រាន់តែកាត់យល់សប្តប្ដីអញ្ចឹងសោះ ឈ្នះឆ្នោតត្រូវបាន ៦០ លានដុល្លារ😏😂

ស្ត្រី​ម្នាក់​ឈ្មោះ Deng Pravatoudom អាយុ ៥៧ ឆ្នាំ រស់នៅ​ប្រទេស​កាណាដា ជា​ស្ត្រី​ធម្មតា​ដែល​ចូលចិត្ត​លេង​ឆ្នោត ។ រូបគាត់​បាន​បង្កើត​ទម្លាប់​ចូលចិត្ត​លេង​ចាក់​ឆ្នោត​នេះ​រយៈពេល ២០ ឆ្នាំ​មក​ហើយ ដោយ​រាល់​ការ​ចាក់ គឺ​គាត់​តែងតែ​កាត់​យក​តាម​ការ​យល់សប្ដ​របស់​ប្ដី​គាត់ ។

ក្នុង​ឆ្នាំ ២០០០ ប្ដី​របស់​លោកស្រី Pravatoudom បាន​សុបិន​ចម្លែក ដែល​ឃើញ​ចំនួន​លេខ​ច្បាស់ៗ ។ ចាប់​តាំង​ពី​នោះ​មក លោកស្រី​តែងតែ​ទិញ​ឆ្នោត​ផ្សង​សំណាង​រៀងរាល់​ថ្ងៃ ។ រហូត​មក​ដល់​ខែ​ធ្នូ ឆ្នាំ ២០២០ ការ​ព្យាយាម​ទិញ​សន្លឹក​ឆ្នោត​ផ្សង​តាម​ការ​យល់សប្ដរបស់​ប្ដី​គាត់ បាន​ក្លាយ​ជា​ការ​ពិត ។ លោកស្រី Pravatoudom បាន​ឈ្នះ​ឆ្នោត​ក្នុង​ទឹកប្រាក់​ដ៏​សន្ធឹក​ចំនួន ៦០ លាន​ដុល្លារ នេះ​បើ​តាម​វិបសាយ​ឆ្នោត​ផ្សង​សំណាង Ontario ប្រកាស​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ ។

សំណាង​លាភ​ធំ​មួយ​នេះ​កើត​ឡើង​ក្នុង​ថ្ងៃ​ទី ០១ ខែ​ធ្នូ ឆ្នាំ ២០២០ ពេលលោក​ស្រី Pravatoudom បាន​បាត់បង់ការងារ ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូវីដ-១៩ ។ នៅ​ថ្ងៃ​នោះ​ដែរ លោកស្រី​បាន​ទៅ​បង់ប្រាក់​នៅ​ធនាគារ​ជាមួយ​ស្វាមី ហើយ​ខណៈ​រូប​គាត់​កំពុង​បំពេញ​ក្រដាស​ក្នុង​ធនាគារ ប្ដី​របស់​គាត់​ចាប់​រក​លេខ​ឆ្នោតដែល​គាត់​បាន​ទិញ ។ នៅ​ពេល​ត្រឡប់​ចូល​មក​ក្នុង​ឡាន​វិញ លោកស្រី​ចាប់​ស្រឡាំងកាំង​ជា​ខ្លាំង ក្រោយ​ប្ដី​របស់​គាត់​ប្រាប់​គាត់​ថា ពួកគាត់​បាន​ឈ្នះ​ឆ្នោត ៦០ លាន​ដុល្លារ ។

ថ្លែង​ដោយ​ក្ដី​រំភើប លោក​ស្រី Pravatoudom បាន​រៀបរាប់​ថា ៖ «ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​រហូត​យំ​ភ្លាមៗ ។ ខ្ញុំ​ពិត​ជា​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​ឡើយ ។ ខ្ញុំ​នឹង​យក​លុយ​មួយ​ចំនួន​ទិញ​ផ្ទះ ហើយ​ពេល​វីរុស​​រាតត្បាត​បាន​បញ្ចប់ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក» ។

ក្រោយ​ទិញ​គ្រឿង​ពេជ្រ​មួយ​ចំនួន​ជា​កាដូ​សម្រាប់​ខ្លួន​ឯង លោកស្រី Pravatoudom បាន​និយាយ​ថា គាត់ និង ​ស្វាមី នឹង​យក​លុយ​សង​បំណុល​ឲ្យ​អស់ ហើយ​នឹង​ជួយ​កូនៗ​ឲ្យ​រស់នៅ​ស្រួល ។

ក្នុង​នោះ​ដែរ កូនៗ​របស់​ស្ត្រី​សំណាង​រូបនេះ ក៏​បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ​ជំនួស​ឪពុកម្ដាយ​របស់​ពួកគេ​ផង​ដែរ​ដោយ​លើកឡើង​ថា ៖ «ពួកគាត់​ខំ​ប្រឹង​ធ្វើ​ការ​រយៈពេល​ជាង ៤០ ឆ្នាំ​ហើយ ដោយ​ធ្វើ​ការ​ពលី​គ្រប់បែប​យ៉ាង ដូច្នេះ​ពេល​នេះ​ពួកគេ​គួរ​តែ​ទទួល​បាន​ក្ដី​សុខ​ស្រួល​ហើយ» ៕​ ប្រជាប្រិយ