ទឹកចិត្តល្អណាស់! អ្នកឧកញ៉ា ពុង ឃាវសែ នាំយកថវិកាជាង៥០ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា…

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានទទួលជួបសំណេះសំណាល ជាមួយប្រតិភូនៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក្នុងឱកាសដែលសមាគម នាំមកនូវថវិកាវិភាគទានសប្បុរសធម៌ប្រចាំឆ្នាំលើកទី៣ មកជូន «មូលនិធិគន្ធបុប្ផាកម្ពុជា»។

វិភាគទានសប្បុរសធម៌ប្រចាំឆ្នាំ លើកទី ៣ នេះ, សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម និងជាប្រធានក្រុមហ៊ុនអណិកជន (Oversea Cambodia Investment Corporation – OCIC) បាននាំមកនូវថវិកា ចំនួន ១២៥ ៦០០ ដុល្លារអាមេរិក និង ១ ៨១៥ ១៨៨ ៤៤១ រៀល (ស្មើនឹងជាង៤០ម៉ឺនដុល្លារ) ជូន «មូលនិធិគន្ធបុប្ផាកម្ពុជា» ដែលវិភាគទានសប្បុរសធម៌ទទួលបានពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ គណៈគ្រប់គ្រង និងបុគ្គលិកនៅតាមបណ្ដាក្រុមហ៊ុននានា លោកគ្រូ អ្នកគ្រូ និងសមាជិកនានាក្នុងក្របខណ្ឌនៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី, ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា», បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀតចំពោះទឹកសប្បុរសធម៌ និងការចូលរួមជាប្រចាំពីសំណាក់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា វិស័យឯកជន ជាពិសេ បណ្ដាធុរជន និងវិនិយោគិនចិននៅកម្ពុជា ដែលតែងតែបង្ហាញពីស្មារតី និងទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការចូលរួមចំណែកជាប្រចាំជាមួយរាជរដ្ឋាភិបាលក្នុងការផ្ដល់ការគាំពារ និងលើកកម្ពស់សុខុមាលភាពកុមារ រាប់លាននាក់នៅកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ, លោកឧកញ៉ា ពុង ឃាវសែ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខមាល និងសុខភាពកុមារកម្ពុជា តាមរយៈ «មូលនិធិគន្ធបុប្ផាកម្ពុជា» ។

ជាមួយគ្នានេះ, លោកឧកញ៉ា ក៏បានបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែគាំទ្រដល់វិស័យធុរកិច្ចរបស់វិនិយោគិនចិន ក៏ដូចជាសមាគមន៍ខ្មែរ-ចិន ផងដែរ ។ លោកឧកញ៉ា ក៏បានសន្យាថានឹងបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយ «មូលនិធិគន្ធបុប្ផាកម្ពុជា» ជាប្រចាំ ។

ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុននានា ដែលជាសមាជិករបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បន្តខិតខំ និងពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងទាំងការរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សមាជិករបស់សមាគមសម្ព័ន្ធខ្មែរ-ចិន ក៏ដូចជា ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសាធារណជន ឱ្យបន្តចូលរួមបរិច្ចាគ និងចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជាថែមទៀត ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសុខសន្តិភាព៕​ Freshnews