បារម្ភ​​​ រឺ​ អត់សួរមែន! រកឃើញសិប្បកម្មផលិតពពុះសណ្តែក ០២ទីតាំង មានដាក់សារធាតុគី មី បូរ៉ាក់ និង ….

មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្តែក ០២ទីតាំង ដែលស្ថិតនៅ ភូមិកោះតូច និងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការចូលរួមសម្របសម្រួលផ្ទាល់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ ផងដែរ។

* ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា សិប្បកម្មផលិតពពុះសណ្តែកទាំង ០២ទីតាំង មានដាក់សារធាតុគីមី បូរ៉ាក់ និងសូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត (ម្សៅស)។​ បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានឱ្យម្ចាស់សិប្បកម្មផលិតទាំង ០២ទីតាំង ធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកជាបណ្តោះអាសន្ន និងបញ្ឈប់ការដាក់បន្ថែមសារធាតុគីមីទៀត។
ក្នុងករណីដែលសិប្បកម្មទាំងពីរខាងលើមានលើកទី២ យើងនឹងអនុវត្តនីតិវិធីច្បាប់៕ (PNN News)