គួរអោយបារម្ភទៀតហើយ! លោក គីម ជុងអ៊ុន នឹងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរបន្ថែមទៀត ហើយហៅអាមេរិកសុទ្ធតែជា…

តាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ក្នុងសុន្ទរកថារយៈពេល ៩ ម៉ោងដែលប្រព្រឹត្តទៅរយៈពេលជាច្រើនថ្ងៃនៅឯសមាជបក្ស

ដ៏កម្រមួយក្នុងក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបញ្ជាក់ពីគម្រោងរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរបន្ថែម ខណៈហៅអាមេរិកថាជាសត្រូវដ៏ធំបំផុតរបស់កូរ៉េខាងជើង។

ក្នុងសមាជប្រជុំ លោក គីម បានគូសបញ្ជាក់ដូច្នេះថា៖ សកម្មភាពគោលនយោបាយការបរទេសរបស់យើងគួរតែផ្តោត និងបង្វែរទៅរកការទប់ទល់និងបង្ក្រាបអាមេរិកដែលជាសត្រូវដ៏ធំបំផុត ​ក៏ដូចជាជាឧបសគ្គចម្បងក្នុងការរារាំងការផលិតអាវុធនុយក្លេអ៊ែរប្រកបដោយភាពច្នៃប្រឌិតរបស់យើង។

ហើយលោកនឹងមិនខ្វល់ថានរណាជាអ្នកកាន់អំណាចនៅអាមេរិកនោះទេ សន្តានពិតរបស់អាមេរិកនៅតែមិនផ្លាស់ប្តូរ អាមេរិកនៅតែជាអាមេរិក ហើយគោលនយោបាយរបស់អាមេរិកមកលើកូរ៉េខាងជើងក៏គ្មានថ្ងៃផ្លាស់ប្តូរដែរ។

ក្នុងនោះលោកក៏បានបញ្ជាក់ថា បើទោះបីជាកូរ៉េខាងជើងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ពិតមែន តែកូរ៉េខាងជើងនឹងមិនប្រើប្រាស់វាក្នុងផ្លូវខុសនោះទេ គឺខ្លួនគ្រាន់តែចង់

ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរដែលមានសមត្ថភាពវាយប្រហារ សងសឹក និងបំពាក់ដោយក្បាលគ្រាប់ដែលមានទំហំខុសៗគ្នា សម្រាប់ប្រើប្រាស់ក្នុងករណីដែលចាំបាច់ខ្លាំងប៉ុណ្ណោះ។

លើសពីនេះ លោក គីម បានអំពាវនាវឱ្យមានការផលិត និងអភិវឌ្ឍសព្វាវុធយោធាចម្បងៗដូចជា កាំជ្រួចមីស៊ីលល្បឿនលឿន, មីស៊ីលផ្លោងឆ្លងទ្វីប (ICBMs), ផ្កាយរណបចារកម្ម និងយន្តហោះដ្រូនជាដើម។

ហើយកូរ៉េខាងជើងក៏កំពុងត្រៀមសាកល្បង និងផលិតសព្វាវុធថ្មីៗជាច្រើនទៀត ដែលក្នុងនោះមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់ច្រើនប្រភេទ និងកាំជ្រួចមីស៊ីលប្រភេទថ្មីបំពាក់ក្បាលគ្រាប់ល្បឿនលឿន ខណៈការស្រាវជ្រាវរបស់អ្នកជំនាញលើនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួនជិតបញ្ចប់ដោយជោគជ័យ។

គួរជម្រាបថា ការលើកឡើងរបស់លោក គីម អាចជាសារមួយគូសបញ្ជាក់ពីការវិលត្រឡប់ទៅរកការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប ដែលកូរ៉េខាងជើងធ្លាប់បានប្រកាសផ្អាកកាលពីខែ មេសា ឆ្នាំ ២០១៨ កន្លងទៅ៕ Khmerload