ក្រអូបណាស់ហើយមើលទៅ! បុរសម្នាក់កើតជំងឺសួត ដោយសារញៀនហិតស្រោមជើងរាល់ថ្ងៃ ក្រោយចេញពីធ្វើការ

បន្ទាប់ពីឧស្សាហ៍ឈឺដើមទ្រូងនិងពិបាកដកដង្ហើមពេក បុរសជនជាតិចិនម្នាក់បានសារភាពប្រាប់គ្រូពេទ្យត្រង់ៗថាគាត់ញៀនហិតស្រោមជើងរៀងរាល់ថ្ងៃ ក្រោយចេញពីកន្លែងធ្វើការ។ នេះយោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។

អ្នកគ្រូពេទ្យ Mai Zhuanying
បុរសត្រកូល Peng អាយុ ៣៧ឆ្នាំ មានអារម្មណ៍ថាពិបាកដកដង្ហើម និង ឈឺទ្រូងជាញឹ កញាប់បានសារភាពត្រង់ៗប្រាប់គ្រូពេទ្យនៅមន្ទីរពេទ្យ Zhangzhou ថាលោកញៀនហិតស្រោមជើងរាល់ថ្ងៃ។

ក្រោយការពិនិត្យជំងឺរួច ក្រុមគ្រូពេទ្យឱ្យដឹងថា លោក Peng បានឆ្លងជំងឺពីមេរោគផ្សិតចេញពីស្រោមជើងដែលលោកហិតជាប្រចាំចូលទៅក្នុងសួត ដែលជាហេតុបណ្តាលឲ្យលោកតែងតែឈឺសួត និងពិបាកដកដង្ហើមបែបនេះ។

យោងតាមប្រសាសន៍របស់អ្នកគ្រូពេទ្យ Mai Zhuanying បានឲ្យដឹងថា “ជំងឺរបស់បុរសខាងលើនេះក៏អាចកើតចេញពីការគេងមិនគ្រប់គ្រាន់ ដោយសារត្រូវមើលថែកូនពេលយប់អាធ្រាត្រ ទើបធ្វើឲ្យប្រព័ន្ធស៊ាំរបស់គាត់ចុះខ្យោយ”។

ឥឡូវនេះលោក Peng កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខាងលើ។

គួរបញ្ជាក់ថា រឿងរ៉ាវនេះបាននិងកំពុងល្បីទូទាំងប្រទេសចិន និងពិភពលោក។ អ្នកលេងបណ្តាញសង្គមម្នាក់កំពុងភ័យខ្លួននិងបញេ្ចញមតិថា គាត់ក៏មានទម្លាក់ដូចជាលោក Peng ដែរ។ គាត់ខ្លាចថាគាត់នឹងមានជំងឺដូចលោក Peng កំពុងមានដែរ។ចំណែកអ្នកផ្សេងទៀតបានបញ្ចេញមតិរបស់គេថា “មូលហេតុដែលលោកមានទម្លាប់ហិតស្រោមជើង ក៏ព្រោះតែលោកចង់ដឹងថា តើវាអាចពាក់បានម្តងទៀតទេនៅថ្ងៃស្អែក?” ៕​