មានកំពូលមហាសេដ្ឋីច្រើនណាស់នៅលើពិភពលោក កើតចេញពីការខិតខំប្រឹងប្រែងលើវិស័យបច្ចេកវិទ្យា ជាក់ស្តែងសេដ្ឋី Jeff Bezos, Bill Gates, Mark Zuckerberg, Jack Ma និងសេដ្ឋីជាច្រើនរូបទៀត។ ដោយសារវិស័យបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងទើបធ្វើឱ្យប្រទេសជាច្រើនការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ខណៈកម្ពុជាកំពុងតែផ្តោតខ្លាំងទៅលើវិស័យមួយនេះផងដែរ។
(ឆ្វេងមកស្តាំ) លោក ស៊ាន វណ្ណារិទ្ធិ (អ្នកបង្កើតបណ្តាញសង្គម), លោក ទី រ៉ាឌី (អ្នកបង្កើតគេហទំព័រអនឡាញ) និងលោក ញាន ផល្លឹក (អ្នកបង្កើតឡាន)
ជាក់ស្តែង មានកូនខ្មែរ ៣រូប មានសមត្ថភាពខ្លាំងរហូតដល់អាចបង្កើតរថយន្ត និងបណ្តាញសង្គមឱ្យមនុស្សទូទៅបានប្រើប្រាស់ ដើម្បីជាប្រយោជន៍ក្នុងការងារ និងការរកស៊ី។ ថ្ងៃនេះ យើងខ្ញុំសូមបង្ហាញបុគ្គលខ្មែរបីរូប ដែលល្បីល្បាញខ្លាំង និងអាចបង្កើតវត្ថុ ដើម្បីឱ្យមនុស្សទូទៅបានប្រើប្រាស់ដូចខាងក្រោម៖
១) លោក ញាន ផល្លឹក ជាអ្នកផលិតរថយន្តអង្គរ
លោក ញាន ផល្លឹក មានវ័យ៥៣ឆ្នាំ ដែលជាស្ថាបនិករថយន្តអង្គរ ដោយបង្កើតរថយន្តដ៏តូចច្រឡឹងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ អាចដំណើរការយ៉ាងល្អ។ សូមបញ្ជាក់ថា ការផលិតនោះទៀតសោត ជាការដំឡើងដោយដៃផ្ទាល់ គ្មានរោងចក្រដំឡើងនោះទេ។
លោក ញាន ផល្លឹក បានកើតនៅក្នុងភូមិបន្ទ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគ្រួសារធូធារម្នាក់ដែលមានឪពុកជាម្ចាស់រោងពុម្ពក្នុងឆ្នាំ១៩៦០ និងម្តាយជាអ្នកធ្វើការក្នុងវាំង។ សូមបញ្ជាក់ថា កាលពីវ័យ១២ឆ្នាំ លោកចូលចិត្តលេងអ្វីដែលទាក់ទងនិងការជួសជុល ដូចជា ដើរប្រមូលរបស់របរចាស់ៗ មកកែច្នែដើម្បីឲ្យប្រើប្រាស់បានឡើងវិញមាន ធុងបាស តុ ទូ កៅអី ជាដើម។
ក្រោយពីរបបខ្មែរក្រហមដួលរលំ លោកបានទៅធ្វើស្រែចំការជាមួយសាច់ញតិនៅឯស្រុកកំណើត។ លុះឆ្នាំ១៩៨៥ លោកក៏បានមករស់នៅភ្នំពេញ ដោយស៊ីឈ្នួលក្នុងហាងជួសជុលម៉ូតូ ដើម្បីដូរយកបាយហូប។ លោកបានបន្ថែមថា ក្រោយរស់នៅជាមួយគេ និងបានចេះដឹងជំនាញខ្លួនឯង លោកក៏មានគំនិតបើករបរផ្ទាល់ខ្លួន ដោយបានចាប់យកអាជីពជាអ្នករត់តាក់ស៊ី។ លុះនៅក្នុងឆ្នាំ ១៩៩២ លោកឈប់រត់តាក់ស៊ី និងមកបើកយានដ្ឋានលាងរថយន្តនៅម្តុំខណ្ឌ៧មករា ភ្នំពេញ ហើយបានចាប់ផ្តើមផលិតរថយន្តនៅក្នុងឆ្នាំ២០០២។
លោក ញាន ផល្លឹក បានប្រកាសថា លោកបានបង្កើតរថយន្តអង្គរបាន ៥ ជំនាន់មកហើយខណៈមានដូចជា រថយន្តអង្គរ ២០០៣, រថយន្តអង្គរ ២០០៤ , រថយន្តអង្គរ ២០១០, រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ ២០១៨ ដោយមានម៉ូដែលម៉ាក Golf car ដោយមានតែកៅអីសម្រាប់អង្គុយពីរ រត់ដោយថាមពលអគ្គិសនី មិនប្រើសោរ (ប្រើកាត) ដើម្បីបញ្ឆេះ និងមានកន្លែងសម្រាប់ដាក់ឥវ៉ាន់ខាងក្រោយមួយ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់លោក មិនត្រឹមតែលក់នៅក្នុងប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅលក់នៅក្រៅប្រទេសថែមទៀតដែលមានកង់បី ដែលបានដាក់លក់នៅក្នុងប្រទេសហ្វីលីពីនមានតម្លៃ ៣៨៨,៨៨៨.០០ បេសូ(ឈ្មោះរូបិយប័ណ្ណហ្វីលីពីន) ដែលស្មើនឹងចំនួន ៧ ២៦៧ ដុល្លារអាមេរិក។
២) លោក ស៊ាន វណ្ណារិទ្ធិ អ្នកបង្កើតបណ្តាញសង្គម Like Cambodia
លោក ស៊ាន វណ្ណារិទ្ធិ អ្នកបង្កើតបណ្តាញសង្គម Like Cambodia
លោក ស៊ាន វណ្ណារិទ្ធិ គឺជាអ្នកបង្កើត Like Cambodia ដោយមានមុខងារដូចទៅនឹងហ្វេសប៊ុកផងដែរ ហើយសព្វថ្ងៃនេះកំពុងកើនឡើងនៃការប្រើប្រាស់របស់ពលរដ្ឋខ្មែរផងដែរ និងអាចនឹងប្រើប្រាស់កាន់តែច្រើននៅពេលអនាគត ខណៈសព្វថ្ងៃនេះមានយុវវ័យសម្រុកចូលប្រើប្រាស់ច្រើនគួរសម។
គួរបញ្ជាក់ផងដែរថា Like Cambodia មានមុខងារស្រដៀងគ្នាទៅនឹងបណ្ដាញសង្គមយក្ស Facebook, twitter ផងដែរ ដូចជា មុខងារ Reaction លើ Post នីមួយៗ Tag Friend និង Check-in ដូចហ្វេសប៊ុកផងដែរ ខណៈ មានការ Like និង Comment លើ Post ដោយលោតចេញនៅលើ Notification លើទូរសព្ទផងដែរ៕
៣) លោក ទី រ៉ាឌី ស្ថាបនិកវិបសាយទិញលក់អនឡាញដំបូងគេ
អ្នកលេងហ្វេសប៊ុកជាច្រើនប្រហែលជាកំពុងប្រើប្រាស់ និងបានស្គាល់គេហទំព័រដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Khmer24 ហើយ ដោយគេហទំព័រនេះ មានការដាក់លក់លផលិតផលស្ទើរគ្រប់មុខ ដោយអ្នកប្រើប្រាស់គ្រាន់តែបង្កើតអាខោនមួយសម្រាប់បង្ហោះប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា លោកបានបង្កើតគេហទំព័រលក់ផលិតផលអនឡាញដំបូងគេនៅកម្ពុជា ដោយមានទុនត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ ខណៈមានអ្នកប្រើប្រាស់ច្រើនខ្លាំងរហូតដល់មានអ្នកទិញ និងលក់ ផ្ទះ ដី ឡាន និងទំនិញផ្សេងៗរហូតដល់ជាង ៥០ម៉ឺននាក់ឯណោះក្នុងមួយខែៗ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង