រាជធានីភ្នំពេញ៖ បេក្ខជនជ័យលាភីទាំង៩ រូប បានទទួលពានរង្វាន់ពី សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាគ្រូបង្រៀន ០៥ តុលា២០១៩ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រឡងប្រណាំង តែងនិពន្ធ ស្មូតកំណាព្យ និងតាក់តែងសិក្សាកថា។ បេក្ខជនទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងឆ្នាំ២០១៩នេះ មានចំនួន៩រូប ក្នុងនោះមានដូចជា៖
ផ្នែកនិពន្ធកំណាព្យ ជ័យលាភីលេខ១ វណ្ណ សារ៉េត មកពីខេត្តព្រៃវែង ជ័យលាភីលេខ២ សាម សុនិត មកពីខេត្តកំពង់ចាម និងជ័យលាភីលេខ៣ ខឹក ហ៊ន មកពីខេត្តតាកែវ។ ផ្នែកស្មូតកំណាព្យ ជ័យលាភីលេខ១ ស៊ឹម គឹមសាត ពីខេត្តត្បូងឃ្មុំ ជ័យលាភីលេខ២ លឿយ សំរួន មកពីខេត្តឧត្ដរមានជ័យ និងជ័យលាភីលេខ៣ យួន វណ្ណៈ មកពីខេត្តកំពង់ធំ។ ផ្នែកតាក់តែងសិក្សាកថា ជ័យលាភីលេខ១ ឡុង ឆវង្ស មកពីរាជធានីភ្នំពេញ ជ័យលាភីលេខ២ គឹមលី ចិន្តា មកពីខេត្តបាត់ដំបង និងជ័យលាភីលេខ៣ ស៊ុយ វ៉ាន់សាក់ មកពីខេត្តកំពង់ធំ។
សូមជម្រាបថា កម្មវិធីប្រឡងប្រណាំងតែងនិពន្ធពានរង្វាន់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងស្មូតកំណាព្យ ពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រមទាំងការប្រឡងប្រណាំងតាក់តែងសិក្សាកថា ស្ដីពី “ហេតុអ្វីបានជា ខ្ញុំជ្រើសរើសអាជីពជាគ្រូបង្រៀន?” ជាកម្មវិធីដែលត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការអភិរក្ស បង្កើនការចាប់អារម្មណ៍ សិក្សាស្រាវជ្រាវក្នុងចំណោមយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គរុសិស្ស និស្សិត និងសាធារណៈជន មកលើអក្សរសាស្ត្រខ្មែរ ដែលជាកេរដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន៕
ប្រភពពី៖ ក្រសួងអប់រំ យុវជន និងកីឡា